ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

តើកូវីដ១៩បង្កើនការវិវត្តន៍លុយ ឌីជីថលនៅអាស៊ី?

ថ្ងៃចេញផ្សាយៈ 27-03-2021 07:59 AM
ចំនួនចូលមើលៈ 453 នាក់
អត្ថបទដោយៈ ធីតា

ភ្នំពេញ: នៅពេលដែលជំងឺរាតត្បាតសកលកូវីដ១៩ បានបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថល ធនាគារកណ្តាលនៃបណ្ដាប្រទេស នៅទូទាំងពិភពលោក កំពុងសម្លឹងមើលកាន់តែខ្លាំងឡើងៗលើ ការដាក់ចេញឱ្យប្រើប្រាស់​ទម្រង់លុយឌីជីថល ឬ រូបិយប័ណ្ណអេឡិចត្រូនិក។ ជាឧទាហរណ៍ នៅខែតុលា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលបានបង្កើតប្រព័ន្ធលុយឌីជីថលបាគង ជាផ្លូវការ។ ទោះជាយ៉ាងណា កម្ពុជាមើលឃើញពីការកើនឡើងយឺតយ៉ាវនៅឡើយ។ បណ្ដាប្រទេសអាស៊ីផ្សេងទៀត តួយ៉ាង ប្រទេសថៃ និងសិង្ហបុរី រហូតដល់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កំពុងធ្វើការស្រាវជ្រាវ និងសាកល្បងប្រព័ន្ធលុយឌីជីថលនេះផងដែរ។

ការសាកល្បងប្រើប្រាស់លុយឌីជីថលរបស់ប្រទេសចិន អំឡុងបុណ្យចូលឆ្នាំចិនឆ្នាំនេះ បាន​បង្កើនល្បឿននៃការប្រើប្រាស់លុយឌីជីថលរបស់ធនាគារកណ្ដាលក្នុងប្រទេសអាស៊ី ស្របនឹងការប្រឈមវិបត្តិជំងឺកូវីដ១៩។ លុយយ័នឌីជីថល របស់ប្រទេសចិន ប្រហែលជាមានសក្តានុពលធំបំផុតក្នុងការជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ដោយពិចារណាលើមហិច្ឆតារបស់រដ្ឋាភិបាលចិនក្នុងការធ្វើលុយយ័នរបស់ខ្លួនក្លាយលុយអន្តរជាតិធំមួយ។ យោងតាមការស្ទង់មតិរបស់ធនាគារ The Bank for International Settlements ចំណែកចរាចរណ៍​នៃប្រាក់យ័ន ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសបានកើនឡើងពីតិចជាង ០,១% ក្នុងឆ្នាំ២០០៤ ដល់ ២% ក្នុងឆ្នាំ២០១៩។ ចរាចរណ៍លុយយ័ននេះនៅកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ដែលមានការចរាចរណ៍ ៤៤%នៃប្រតិបត្តិការប្តូរប្រាក់បរទេសទូទាំងពិភពលោក។ លុយអឺរ៉ូតំណាងប្រហែលជិត៤០% បន្ទាប់មក លុយយ៉េនជប៉ុន និងលុយផោនអង់គ្លេសតំណាងប្រហែល ៥%។

តើអ្វីជាលុយឌីជីថល?

Digital currency ឬគេអាចហៅ លុយឌីជីថល ឬ លុយអេឡិចត្រូនិក ឬ រូបិយប័ណ្ណអេឡិចត្រូនិក គឺជា រូបិយប័ណ្ណ ឬ លុយ ដែល​ត្រូវបានគេប្រើប្រាស់ដើម្បីទិញលក់ទំនិញ ឬសេវាកម្ម ឬក៏ប្រើដើម្បីរក្សាជាទុនបម្រុង នៅលើប្រព័ន្ធកុំព្យូទ័រឌីជីថល ជាពិសេស នៅលើប្រព័ន្ធអ៊ីនធឺណិត។ ប្រភេទលុយឌីជីថល អាចរាប់បញ្ចូល ប្រភេទលុយឌីជីថលទម្រង់ crypto លុយ virtual និងលុយឌីជីថលរបស់ធនាគារកណ្ដាល។ ជាការពិត មុខងារប្រើប្រាស់របស់លុយឌីជីថលមិនសូវខុសទៅលុយដែលយើងកំពុងប្រើប្រាស់ ប៉ុន្តែ ជាទូទៅ លុយឌីជីថលមិនមានទម្រង់ជាក្រដាសប្រាក់នោះទេ។ ការដែលអាចប្រើប្រាស់បានដោយមិនមានក្រដាសនេះហើយ អាចឱ្យគេអាចចរាចរលុយនេះភ្លាមៗ តាមប្រព័ន្ធអ៊ឺធិណេត និងអាចកាត់បន្ថយការចំណាយផ្សេងៗយ៉ាងច្រើន ពាក់ព័ន្ធនឹងការបោះពុម្ភ ឬថែរក្សាលុយ។

លុយឌីជីថល និងវិបត្តិជំងឺកូវីដ១៩នៅអាស៊ី

ជំងឺរាតត្បាតសកលកូវីដ១៩បានបង្កើនល្បឿននៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងការបង្កើតលុយឌីជីថល។ ប្រទេសនាំមុខគេនៅអាស៊ី រួមមាន កម្ពុជា ថៃ សិង្ហបូរី ជប៉ុន កូរ៉េខាងត្បូង និងចិន។ ប្រទេសចិន បានសាកល្បងលុយយ័នឌីជីថល សម្រាប់ការប្រើប្រាស់ទំនិញលក់រាយនៅក្នុងទីក្រុងធំៗដែលបានជ្រើសរើស។ ប្រទេសជប៉ុន បានប្រកាសពីផែនការសាកល្បងប្រើប្រាស់លុយឌីជីថលជាដំណាក់កាលៗ នៅក្នុងខែតុលា ឆ្នាំ២០២០។ ប្រទេសកូរ៉េខាងត្បូង គ្រោងសាកល្បងប្រព័ន្ធលុយឌីជីថលនៅឆ្នាំនេះ។ ប្រទេសថៃបានបង្កើត និងសាកល្បងប្រព័ន្ធទូទាត់លុយឌីជីថលរបស់ធនាគារកណ្ដាល សម្រាប់អាជីវកម្ម ក្នុងឆ្នាំ២០២០។

ប្រទេសកម្ពុជាឯណោះវិញ បានចាប់ផ្តើមដំណើរការ លុយឌីជីថលបាគង នៅខែតុលា ឆ្នាំ ២០២០ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុន។ យោងតាមកាសែតជប៉ុន Nikkei Asia ធនាគារជាតិនៃកម្ពុជាចង់បង្កើនវត្តមានលុយផ្ទាល់ខ្លួន គឺ លុយរៀល។ បច្ចុប្បន្ន ចរាចរណ៍លុយនៅកម្ពុជាភាគច្រើនជាលុយដុល្លារអាមេរិក។ ដូច្នេះ វត្តមានលុយឌីជីថលគឺដើម្បីចៀសវាងការធ្លាក់ចុះការប្រើប្រាស់លុយរៀលបន្ថែមទៀត។

សម្រាប់ប្រទេសចិន វាមិនមែនជារឿងថ្មីនោះទេក្នុងការប្រើប្រាស់លុយឌីជីថល។ ប្រជាជនចិនរាប់រយលាននាក់កំពុងប្រើប្រាស់សេវាកម្ម Alipay និង WeChat Pay ដោយស្កេនលេខកូដ QR នៅលើអេក្រង់ស្មាតហ្វូនរបស់ខ្លួន ជំនួសលុយក្រដាស។ លុយយ័នឌីជីថលក៏អាចមានដំណើរការដូចគ្នា ប៉ុន្តែ វាខុសគ្នាត្រង់ លុយយ័នឌីជីថលត្រូវបានបង្កើនឡើងផ្ទាល់ដោយធនាគារកណ្ដាលចិន។

អនាគតខាងមុខ តើលុយឌីជីថលអាចប្រឈមឧបសគ្គអ្វីខ្លះ?

រហូតមកដល់ពេលបច្ចុប្បន្ន លុយឌីជីថលដែលមានស្រេចស្រាប់ជាច្រើន មិនទាន់ឃើញមានការប្រើប្រាស់ទូលំទូលាយនៅឡើយនោះទេ ហើយវាទំនងមិនងាយត្រូវបានប្រើប្រាស់ ឬផ្លាស់ប្តូរឆាប់ៗទេ។ បណ្ដាធនាគារធំៗយ៉ាងច្រើន ជាទូទៅ មិនទទួលស្គាល់ ឬផ្តល់សេវាកម្មសម្រាប់ការប្រើប្រាស់លុយឌីជីថលទាំងនោះ ក្រោមហេតុផលមិនទុកចិត្ត។ មានការព្រួយបារម្ភថា លុយឌីជីថល ជាពិសេស លុយ crypto មានគ្រោះថ្នាក់ខ្លាំង ដោយសារតម្លៃរបស់វាមានភាពប្រែប្រួលខ្ពស់ខ្លាំង។ ជាឧទាហរណ៍ លុយឌីជីថលខ្លះអាចធ្លាក់ចុះ ឬកើនឡើងរាប់រយ ឬរាប់ពាន់ភាគរយក្នុងរយៈពេលដ៏ខ្លី។

នៅក្នុងប្រទេសយ៉ាងច្រើន ដោយសារលុយឌីជីថលមិនត្រូវបានទទួលស្គាល់ដោយរដ្ឋ ការចរាចរណ៍លុយឌីជីថលទាំងនេះត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលនៃប្រទេសទាំងនោះ។ កាលណាលុយឌីជីថលកាន់តែមានទម្រង់អនាមិក នុះវាក៏កាន់តែមានភាគរយច្រើនផងដែរដែលវាត្រូវបានកាន់ក្ដាប់ដោយឧក្រិដ្ឋជន។ ទោះជាយ៉ាងណា ទៅថ្ងៃអនាគត លទ្ធភាពនៃការប្រើប្រាស់លុយឌីជីថលនៅមានភាពមិនច្បាស់លាស់ក្នុងភាគរយច្រើន ប៉ុន្តែវាមិនមែនថាមិនអាចទៅរួចនោះទេ៕


ព័ត៌មានថ្មីៗផ្សេងទៀត