ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី ត្រៀមរៀបចំទីតាំងសម្រាបចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋ

ថ្ងៃចេញផ្សាយៈ 27-03-2021 07:37 AM
ចំនួនចូលមើលៈ 395 នាក់
អត្ថបទដោយៈ ធីតា

ខេត្តមណ្ឌលគិរី ៖ ដើម្បីបង្កើនសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត ឲ្យបានកាន់តែលឿននោះ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានដឹកនាំមន្រ្តីជំនាញ រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានចុះត្រួតពិនិត្យ និងបានជ្រើសរើសយកទីតាំងនៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថិតនៅក្រុងសែនមនោរម្យ។

លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចំពោះការបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស មន្ត្រីជំនាញបានសម្រេចជ្រើសរើសយកទីតាំងវិទ្យាល័យ មណ្ឌលគិរី ដែលទំនេរក្រោយសិស្សានុសិស្ស បានផ្អាកការរៀនសូត្រ ដើម្បីមានទីតាំងឲ្យបានធំទូលាយ ព្រោះតែមន្ទីរពេទ្យបង្អែកខេត្ត មានទីធ្លាតូចចង្អៀត ពិបាកផ្ដល់សេវាចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ដែលអាចនឹងមានចំនួនច្រើន។

នៅថ្ងៃដដែលនោះដែរ ដោយមានការយកចិត្តទុកដាក់បន្ថែមជុំវិញបងប្អូនប្រជាពលរដ្ឋ ដែលកំពុងនៅជាប់ចត្តាឡីស័ក និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលនៅខេត្តមណ្ឌលគិរី ឲ្យបង្កើនការការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ ខណៈដែលមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកើតឡើង លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមន្រ្តីជំនាញ បានចុះសួរសុខទុក្ខអ្នកជាប់ចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដើម្បីឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

នាឱកាសនោះ លោក អភិបាលក្រុងសែនមនោរម្យ បាននាំយកសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អាល់កុល ម៉ាស ទឹកសុទ្ធ មី ភេសជ្ជ:បាកាស បាយកញ្ចប់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុន សែនមណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានចំនួន ០៦នាក់  ស្រី០២នាក់។

ជាមួយគ្នានោះ លោក អភិបាលក្រុង បានសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការការពារ បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវប្រកាន់ខ្ជាប់ នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល៕


ព័ត៌មានថ្មីៗផ្សេងទៀត