ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម​ ស ខេង ណែ​នាំអភិ​បាលនៃគណៈអ​ភិបាល រាជធានីខេត្ត សហការឱ្យជាមួយមន្រ្តីសុខាភិបា​ល ក្នុងការអនុវត្តការផាកពិន័យ អន្តរ​ការណ៍លើបុគ្គលឬនីតិបុគ្គល

ថ្ងៃចេញផ្សាយៈ 27-03-2021 07:01 PM
ចំនួនចូលមើលៈ 127 នាក់
អត្ថបទដោយៈ សម្បត្តិ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ផ្ដល់ការគាំទ្រនិងផ្ដល់គោលការណ៍ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចូលរួមសហការឱ្យបានជិតស្និតជាមួយមន្រ្តីសុខាភិបាលក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

លិខិតចុះហត្ថលេខានៅថ្ងៃទី២៧ ខែមីនានេះ សម្ដេចក្រឡាហោម បានជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈ អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលបានដាក់ចេញប្រកាសអន្តរក្រសួងលេខ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។


សម្ដេចបន្តថា ទន្ទឹមនេះ ក្រសួងសុខាភិបាលក៏បានដាក់ចេញប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។


ពាក់ព័ន្ធនឹងការងារនេះ ហើយផ្អែកតាមសំណើរបស់ក្រសួងសុខាភិបាល និងដើម្បីចូលរួមសហការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យមានប្រសិទ្ធភាព សម្ដេចក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្តល់ការគាំទ្រ និងគោលការណ៍ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចូល រួមសហការឲ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។


នៅក្នុងការចាត់ចែងអនុវត្តការងារជាក់ស្តែង ប្រសិនបើមានជួបការលំបាក ឬបញ្ហាប្រឈមណាមួយ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ជូនក្រសួងសុខាភិបាល និងចម្លងជូនក្រសួងមហាផ្ទៃ ជាបន្ទាន់ ៕




ព័ត៌មានថ្មីៗផ្សេងទៀត