ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប​ញ្ជាក់ពីករណី ស្លាប់បុ​រសជនជាតិខ្មែរ អា​យុ​៥៥ឆ្នាំ​

ថ្ងៃចេញផ្សាយៈ 26-03-2021 06:09 PM
ចំនួនចូលមើលៈ 526 នាក់
អត្ថបទដោយៈ សម្បត្តិ

ភ្នំពេញៈ  ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណៈជន ទាំងអស់ឱ្យបានជ្រាបថាយោងតាម របាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិក្តីចាស់ ឃុំ ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទីរសៀល។

បុរសខាងលើនេះ បានធ្លាក់ខ្លួនឈឺដោយក្ដៅខ្លួន និងក្អកប្រហែលជា៣ទៅ ៤ថ្ងៃមុនស្លាប់ដោយសភាពកាន់តែធ្ងន់ទៅក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១វេលាម៉ោង ១៥:៣០រសៀល ក្នុងស្ថានភាពមានអាការៈហត់ដង្ហក់ខ្លាំង ដែលជាសញ្ញានៃវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។

ដោយការសង្ស័យក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅវិភាគភ្លាមៗនៅពេលចូលមកដល់មន្ទីរពេទ្យ ហើយលទ្ធផលវិភាគវត្ថុសំណាករបស់គាត់បានបង្ហាញថា មានវិជ្ជមានវីរុសកូវីដ-១៩ នៅវេលាម៉ោង ២៣:០០យប់នាថ្ងៃដដែល។ ដោយសារស្ថានភាពធ្ងន់ធ្ងរពេកបែបនេះ ក្រុមគ្រូពេទ្យក្រៅពី ផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការ ដកដង្ហើមបន្ថែមភ្លាមៗតែជាអកុសល ក្នុងរយៈពេលតែកន្លះ ម៉ោងប៉ុណ្ណោះ គាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទៅ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបុរសវ័យ ៥៥ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុក សួតសាហាវលឿន និងធ្ងន់ធ្ងរខ្លាំងពេក។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕





ព័ត៌មានថ្មីៗផ្សេងទៀត