ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ ប្រគល់បណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង១០ឃុំ ក្នុងស្រុកសំបូរ

ថ្ងៃចេញផ្សាយៈ 25-03-2021 08:21 AM
ចំនួនចូលមើលៈ 426 នាក់
អត្ថបទដោយៈ ធីតា

ខេត្តក្រចេះ ៖ នៅថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ឃុំ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

មានការចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត អធិការនគរបាលស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ និងស្មៀនឃុំទាំង១០ នៃស្រុកសំបូរ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកសំបូរ ។

ពិធីនេះប្រព្រឹត្តទៅ ដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។


ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តបានមានប្រសាសន៍ កោតសរសើរ វាយតម្លៃខ្ពស់ ដល់ការខិតខំប្រឹងប្រែងបំពេញភារកិច្ច ការងាររបស់រដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាល ដែលបានបំពេញការងារក្នុងរយៈពេលមួយឆ្នាំកន្លងមកដោយទទួលបានលទ្ធផលល្អប្រសើរ។​ ទន្ទឹមនោះ ឯកឧត្តមក៏បានជំរុញផ្តាំផ្ញើដល់ប៉ុស្តិ៍រដ្ឋបាលនគរបាល និងរដ្ឋបាលឃុំទាំង១០ ក្នុងស្រុកសំបូរ បន្តយកចិត្តទុកដាក់ចូលរួមថែរក្សាការពារ នូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ឲ្យបានទាន់ពេលវេលា ឲ្យដូចភ្លៀងរលឹម បន្តខិតខំបម្រើកិច្ចការងារសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលរងខេត្តតំណាង ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ បានក្រើនរំលឹក ជំរុញដល់រដ្ឋបាលឃុំ ត្រូវបន្តខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត បន្តចុះត្រួតពិនិត្យរៀបចំបញ្ហាសណ្ដាប់ធ្នាប់អនាម័យ តាមទីសាធារណៈ នឹងនៅតាមទីប្រជុំជន ឱ្យកាន់តែមានសោភ័ណភាពល្អប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនោះដែរឯកឧត្តម ស្រេង សុភាពបានក្រើនរំលឹក និងផ្ដាំផ្ញើសូមឱ្យបងប្អូនទាំងអស់មានការយកចិត្តទុកដាក់ខ្ពស់គឺការថែរក្សាអនាម័យសុខភាព ដោយអនុវត្តតាមវិធានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលនិងវិធានរបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ដោយអនុវត្តតាមវិធាន ៣ ដ៏សំខាន់គឺ ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំ ក្នុងន័យការពារទប់ស្កាត់កុំឲ្យមានការឆ្លង នូវជំងឺកូវីដ១៩ ចូលក្នុងសហគមន៍របស់យើង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត បានប្រគល់ជូននៅវិទ្យុទាក់ទង ចំនួន5គ្រឿង ដល់រដ្ឋបាលឃុំបឹងចារ ទុកបំរើការងារ ដែលជាអំណោយរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៃគណៈអភិបាលខេត្ត៕



ព័ត៌មានថ្មីៗផ្សេងទៀត