ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

អតីតប្រធាន មន្ទីរលោក ប្រាក់ ប៉ូលី ប្ដឹងលោក ផែង វណ្ណៈ៤បទល្មើសទារ សំណង១០ម៉ឺនដុល្លារ

ថ្ងៃចេញផ្សាយៈ 25-03-2021 12:25 PM
ចំនួនចូលមើលៈ 901 នាក់
អត្ថបទដោយៈ សម្បត្តិ

ភ្នំពេញ៖ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យគឺលោក ប្រាក់ ប៉ូលី និងជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។លោក បានដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួន៤បទ៖ល្មើស ដោយទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ។ក្នុងពាក្យបណ្តឹងដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ។

លោក ប្រាក់ ប៉ូលី បានប្តឹងលោក ផែង វណ្ណៈ ពីបទ«ញុះញង់ឱ្យមានការរើសអើង, បទបរិហាកេរ្តិ៍ជាសាធារណៈបទប្រមាថ និងបទស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទកំហែងហែកកេរ្តិ៍ និងស្ថានទម្ងន់ទោស»។

ក្នុងពាក្យបណ្តឹងនេះលោក ប្រាក់ ប៉ូលី បានបញ្ជាក់ថា៖ ការប្តឹងធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ បានផ្សាយអត្ថបទចំនួនពីរនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើទំព័រហ្វេសប៊ុក Pheng Vannak News។អត្ថបទទាំងពីរនេះ លោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ស្នើតែងតាំងលោក ប្រាក់ ប៉ូលី ជាអភិបាលរងខេត្ត។

លោក ផែង វណ្ណៈ បានលើកឡើងថា លោក ប្រាក់ ប៉ូលី មានឪពុកធម៌ជាឧបនាយករដ្ឋមន្ត្រី ទើបរូបលោកត្រូវបានស្នើធ្វើជាអភិបាលរងខេត្ត ទោះបីលោកធ្លាប់សាងកំហុសនៅក្នុងខេត្ត ពេលកាន់តំណែងជាប្រធានមន្ទីរដែនដីខេត្តក៏ដោយ។ក្នុងពាក្យបណ្តឹងដដែលនេះ លោក ប្រាក់ ប៉ូលី បានរៀបរាប់ទៀតថា ក្រៅតែវាយប្រហារលោកលើព័ត៌មានតែងតាំងជាអភិបាលរងខេត្តនៅក្នុងគ្រប់ការផ្សាយផ្ទាល់ លោក ផែង វណ្ណៈ បាននិយាយដៀមដាម និងបានចោទប្រកាន់ និងញុះញង់ឱ្យមានការរើសអើងមកលើរូបលោកថា ជាជនជាតិចាម ក្បត់សាសនា និងលួចស៊ីសាច់ជ្រូកជាដើម។

លោក ប្រាក់ ប៉ូលី បានអះអាងថា ការពិតរូបលោកមិនដែលហ៊ានរំលោភបំពានម្ដងណាចំពោះសាសនាលោកនោះឡើយ។ លោកបានចាត់ទុកការលើកឡើង របស់លោក ផែង វណ្ណៈ ជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរចំពោះរូបលោក និង សាសនាអីស្លាម ក៏ដូចជាសហគមន៍អីស្លាមទាំងមូលផងដែរ ដែលលោកមិនអាចទទួលយក បានឡើយចំពោះការប្រមាថមើលងាយនេះ។

លោក ប្រាក់ ប៉ូលី បានបញ្ជាក់ទៀតថា ការផ្សាយព័ត៌មាននេះ គឺជាព័ត៌មានបំផ្លើសបំប្លៃ ព័ត៌មានបំប៉ោង ព័ត៌មានគ្មានការពិត និងជាព័ត៌មានក្លែងក្លាយបែបបំពុលសង្គម និងញុះញង់ឱ្យមានការរើសអើងមកលើរូបលោក។ ជាព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំបាទ និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរបំផុត។



ព័ត៌មានថ្មីៗផ្សេងទៀត